ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមាគមព័ត៌មានសុក្រឹត៖ តុលាការខេត្តកណ្តាល មិនអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន 

សមាគមព័ត៌មានសុក្រឹត៖ តុលាការខេត្តកណ្តាល មិនអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន

បន្ទាប់ពីចាងហ្វាងគេហទំព័រសារព័ត៌មានអនឡាញ GGTV លោក រី រិទ្ធត្យា ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួនបញ្ជូនទៅតុលាការ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ សមាគមសារព័ត៌មានសុក្រឹត ហៅកាត់ «ស.ស.ក» បានចេញសេចក្តីថ្លែងការណ៍ ថា៖ «តុលាការខេត្តកណ្តាលមិនអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន» នោះទេ។

ការឃាត់ខ្លួនលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV បន្ទាប់ពីចាងហ្វាងរូបនេះធ្វើការចេញផ្សាយនៅខ្លឹមសារអត្ថបទព័ត៌មានមិនពិត ចោទប្រកាន់ទីតាំងមួយកន្លែងថាមានបង្កើតល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ថែមទាំងសរសេរ រិះគន់ យ៉ាងខ្លាំងក្លា ទៅកាន់មន្ត្រីនគរបាលពាក់ព័ន្ធក្នុងមូលដ្ឋាន ក្រោមចំណងជើងថា «ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូ ជ្រកក្នុងហាងកាហ្វេមួយកន្លែងតាមបណ្តោយផ្លូវ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចដូចជាអធិការហាក់បីដូចជាធ្វើព្រងើយមិនបង្រ្កាប»។

អ្នកនាំពាក្យនគរបាលខេត្តកណ្តាល បានចេញសារបំភ្លឺឆ្លើយតបទៅនិងអត្ថបទគ្មានការពិត ដែលចេញផ្សាយដោយលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV (ពោលគឺ លោកចាងហ្វាងខាងលើរូបនេះយករូបភាពចាស់ៗមកកាត់ត ដើម្បីបំភ្លៃការពិតក្នុងចេតនាញុះញង់ឱ្យមានបទឧក្រិដ្ឋ)។

ក្រោយពីស៊ើបអង្កេតសួរនាំរួចមកសមត្ថកិច្ចក៏បានសម្រេចឃាត់ខ្លួនលោក រី រឹទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV ពាក់ព័ន្ធទៅនឹងករណី «ញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាថ៌» និងបានបញ្ជូនខ្លួនចាងហ្វាងរូបនេះទៅកាន់តុលាការដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ក្រោយពីចៅក្រមនៃតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនលោក រី រិទ្ធត្យា ទៅពន្ធនាគារ សមាគមសារព័ត៌មានសុក្រឹត ហៅកាត់ «ស.ស.ក» នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ ដោយសង្កត់ធ្ងន់ថា សាលាដំបូងខេត្តកណ្តាល ពុំបានអនុវត្ត តាមច្បាប់ពិសេស (ច្បាប់ស្តីពីរបបសារព័ត៌មាន)។ យោងមាត្រា១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន បើអ្នកសារព័ត៌មានផ្សាយខុសត្រូវធ្វើការកែតម្រូវក្នុងរយៈពេល៧ថ្ងៃ និងយោងតាមមាត្រា២០ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន អំពើប្រព្រឹត្តរបស់និយោជក និពន្ធនាយក ឬអ្នកនិពន្ធអត្ថបទ ដែលរំលោភច្បាប់ព្រហ្មទណ្ឌ ត្រូវទទួលទោសតាមច្បាប់ព្រហ្មទណ្ឌ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គ្មានជនណាម្នាក់ត្រូវចាប់ចង ឬជាប់ពន្ធនាគារ ដោយសារការបញ្ចេញមតិឡើយ។ សមាគមសារព័ត៌មានសុក្រឹត មួយនេះក៏បានសូមអំពាវនាវដល់ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាជួយអន្តរាគមន៍ករណីការឃុំខ្លួនលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV ដើម្បីឲ្យចាងហ្វាងរូបនេះបានរួចផុតពីការឃុំខ្លួន ឆាប់បានត្រឡប់មកផ្ទះជួបជុំគ្រួសារវិញ។

អ្នកសារព័ត៌មានក្នុងស្រុកជាច្រើន ក៏បានសម្តែងការសោកស្តាយហួសចិត្តយ៉ាងខ្លាំង ចំពោះការអនុវត្តច្បាប់របស់តុលាការខេត្តកណ្តាល ដែលបានសម្រេចឃុំខ្លួនលោក រី រិទ្ធត្យា ចាងហ្វាងគេហទំព័រសារព័ត៌មាន GGTV ព្រោះតុលាការមើលរំលងនិងមិនបានអនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មាន ។ អ្នកសារព័ត៌មានជាច្រើនក៏បានស្នើសុំដល់ក្រសួងព័ត៌មាន មេត្តាពិនិត្យអន្តរាគមន៍ករណីខាងលើ ដើម្បីលើកកម្ពស់ច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធភាពលើអ្នកសារព័ត៌មាន។

ទោះជាយ៉ាងណា យើងនៅមិនទាន់ ដឹងទេថា ការចេញសេចក្តីថ្លែងការណ៍របស់សមាគមសារព័ត៌មានសុក្រឹត អាចធ្វើឱ្យតុលាការខេត្តកណ្តាលរសើបចិត្ត រត់ជាន់ជើងគ្នា ឬ គ្រាន់តែជាសេចក្តីថ្លែងការណ៍អត់បានការប្រយោជន៍ ហើយនាំគ្នាទៅផ្ទះដេកមិនមានអ្វីជាការបំភ្លឺឆ្លើយតបនោះទេ៕

 

______~~~______

 

ព័ត៌មាន CTS
cts news ព័ត៌មានឈានមុខគេនៅកម្ពុជា
http://ctsnews

Leave a Reply

Your email address will not be published.